boreiosay

ស្រុកបុរីអូរស្វាយសែនជ័យ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំមួយក្នុងខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់នឹងស្រុកសៀមប៉ាង និងស្រុកសេសាន ខាងលិចជាប់ស្រុកថាឡាបរិវ៉ាត់ ខាងជើងជាប់ព្រំប្រទល់កម្ពុជា-ឡាវ និងខាងត្បូងជាប់នឹងក្រុងស្ទឹងត្រែង។ ស្រុកនេះ ជាស្រុកវ័យក្មេងដែលទើបតែប្រកាសដាក់ឲ្យដំណើរការនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ប្រចាំខែមករា ឆ្នាំ ២០២៤ សព្វថ្ងៃនេះ ស្រុកបុរីអូរស្វាយសែនជ័យ មាន ៣ឃុំ និង ១៨ភូមិ មានប្រជាជនចំនួន ៤,៣៧៧គ្រួសារ និងប្រជាជនសរុបចំនួន ១៩,៣៦៥នាក់។ ប្រជាជន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងមានចំនួន ១១,១៦៣នាក់ ស្រីចំនួន ៥,៨០២នាក់ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ប្រជាជននៅស្រុកបុរីអូរស្វាយសែនជ័យ ប្រមាណជាង ៨៨ភាគរយ រស់នៅពឹងផ្អែកលើវិស័យកសិកម្ម និងនេសាទត្រី ក្រៅពីនោះ ក្រុមគ្រួសារខ្លះធ្វើជាកម្មករ រកស៊ីជួញដូរ បុគ្គលិកក្រុមហ៊ុន អង្គការ និងមន្រ្តីរាជការ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ប្រវត្តិបុរីអូរស្វាយ

បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីការពារព្រំដែនប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង។ ដើម្បីការពារព្រំដែន ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រកាសឲ្យកេណ្ឌប្រជាពលរដ្ឋខ្មែរដែលគ្មានដីធ្លី ផ្ទះសម្បែង ឲ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ។ ជាការលើកទឹកចិត្ត និងដើម្បីជាការចាប់ផ្តើមជីវិតថ្មី ព្រះអង្គក៏បានប្រគល់ដីឲ្យពលរដ្ឋមួយគ្រួសារ ៥ហិកតារ ព្រះអង្គសង់ផ្ទះ និងផ្ដល់សត្វគោក្របីឲ្យពលរដ្ឋ។ ព្រះអង្គក៏បានកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះផងដែរ។ បុរីអូរស្វាយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ តាមរយៈផែនការ ៥ឆ្នាំរបស់សម្ដេច ព្រះនរោត្តម សីហនុ។ ភស្តុតាងសំខានៗមួយចំនួនដែលបន្សល់ទុកពីសម័យនោះ មានដូចជាស្តូបដែលព្រះអង្គបានកសាងនៅឆ្នាំ១៩៦៤។ ស្តូបនោះមានរាងដូចជាជួង កម្ពស់ប្រមាណ ៤ម៉ែត្រ។ នៅលើស្តូបនោះ មានឆ្លាក់ចម្លាក់ជុំវិញ និងមានឆ្លាក់រូបសម្ដេចព្រះ នរោត្តម សីហនុ បែរទៅទិសទាំង ៤ ផងដែរ ដូចជាចម្លាក់ព្រះឆាយាល័ក្ខណ៍កាលពីពេលព្រះអង្គឡើងសោយរាជ្យនៅឆ្នាំ១៩៤១ ព្រះឆាយាល័ក្ខណ៍ធ្វើហត្ថកម្មកាប់ដី កសាងផ្ទះសម្បែងឲ្យពលរដ្ឋ និងពេលព្រះអង្គលេងកីឡាជាដើម។ ស្តូបនោះមានចម្ងាយពីមាត់ទន្លេប្រមាណ ២០ម៉ែត្រប៉ុណ្ណោះ ហើយខាងក្រោយនោះ មានដើមពោធិព្រឹក្សមួយដើមយ៉ាងធំ។ នេះបើយោងតាមអ្នកនៅរស់រានមានជីវិត និងrfa.org